Stress Tips

Dec 18, 2017

រឿង កដាហកជាតក

·   0

ព្រះបរមសាស្តា កាលទ្រង់គង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុអ្នកច្រើនទៅ ដោយការអួតមួយរូប បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា  ពហុម្បិ សោ វិកត្ថេយ្យ ដូច្នេះជាដើម ។

រឿងរបស់ភិក្ខុនោះ ដូចរឿងដែលបានពោលហើយក្នុងកាលមុននោះឯង  ។
 


ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះបរមពោធិសត្វសោយព្រះជាតិជាសេដ្ឋីអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ។ ភរិយារបស់ សេដ្ឋីប្រសូតបុត្ត ចំណែកទាសីរបស់សេដ្ឋីក៏ប្រសូតបុត្តក្នុងថ្ងៃនោះដែរ ។  ក្មេងទាំងពីរ នោះ ធំឡើងជាមួយគ្នា កាលបុត្តសេដ្ឋីទៅរៀនអក្សរ កូនទាសីក៏កាន់ក្តារឈ្នួនទៅតាម រៀនអក្សរជាមួយបុត្តសេដ្ឋីនោះដែរ បានសរសេរ បានអានពីរ-បីដង កូនទាសីនោះ ក៏ចាំ ពាក្យនោះ ឈ្លាសវៃក្នុងវោហារដោយលំដាប់ ។ លុះធំពេញវ័យ កំលោះនោះ មានរូបរាង សង្ហាមានឈ្មោះថា កដាហកៈ

កូនទាសីនោះមាននាទីជាអ្នករក្សាឃ្លាំងក្នុងផ្ទះរបស់ សេដ្ឋី គេគិតថា មនុស្សទាំងនេះគង់នឹងមិនប្រើអញឲ្យធ្វើជាអ្នករក្សាឃ្លាំងរហូតទៅទេ ពេលឃើញទោសអ្វីបន្តិចបន្ទួច គង់នឹងវាយចាប់ចងបោះត្រា ដើម្បីជាគ្រឿងសម្គាល់ ហើយប្រើប្រាស់ដូចជាទាសៈតទៅ នៅឯជាយដែនមានសេដ្ឋីម្នាក់ដែលជា សម្លាញ់នឹង សេដ្ឋីនេះ បើដូច្នោះ អញកាន់សំបុត្រដែលជាពាក្យរបស់សេដ្ឋីទៅកាន់ទៅទីនោះ ប្រាប់ ថា អញជាកូនសេដ្ឋី កុហកសេដ្ឋីនោះហើយ សូមធីតារបស់សេដ្ឋីនោះធ្វើជាគូគ្រង គប្បី នៅយ៉ាងសុខ ។ កូនទាសីនោះ សរសេរសំបុត្រដោយខ្លួនឯងថា ខ្ញុំបញ្ជូនកូនប្រុសខ្ញុំ ឈ្មោះនេះទៅកាន់សម្នាក់របស់លោក ធម្មតាសម្ព័ន្ធគ្នារវាងលោកជាមួយខ្ញុំ ខ្ញុំជា​មួយ លោកជាការសមគួរណាស់ ព្រោះហេតុនោះ សូមលោកលើកធីតារបស់លោកឲ្យកុមារ នេះ ហើយឲ្យគេនៅទីនោះចុះ ចាំមានឱកាសខ្ញុំនឹងទៅលេងលោក ដូច្នេះហើយ យកត្រា របស់សេដ្ឋី​មក​បោះ​លើសំបុត្រនោះ កាន់យកស្បៀងនិងគ្រឿងឧបភោគ និងសំពត់ជា ដើមទៅតាមការពេញចិត្ត ។ លុះទៅដល់បច្ចន្តជនបទជួបសេដ្ឋី ថ្វាយបង្គំហើយឈរក្នុង ទីដ៏សមគួរមួយ ។ ពេលនោះសេដ្ឋីសួរថា  នែមាណព អ្នកមកអំពីណា?

កដាហកៈឆ្លើយថា បពិត្រលោកសេដ្ឋី ខ្ញុំមកពីនគរពារាណសី ។

សេដ្ឋីសួរថា មាណពឯងជាកូនរបស់អ្នកណា ?

កដាហកៈឆ្លើយថា ខ្ញុំជាបុត្តសេដ្ឋីនគរពារាណសី ។

សេដ្ឋីសួរថា មកទីនេះមានការអ្វី ? ពេលនោះកដាហកៈក៏ឲ្យសំបុត្រព្រមនឹង ពោលថា បពិត្រសេដ្ឋី លោកមើលសំបុត្រនេះហើយនឹងជ្រាប ។ សេដ្ឋីអានសំបុត្រហើយ សប្បាយចិត្តថា ពេលនេះអញនឹងរស់នៅយ៉ាងសុខសប្បាយ ចាត់ចែងលើកធីតាឲ្យ ។ សេដ្ឋីនោះមានបរិវារច្រើន កាលមានអ្នកនាំយាគូនឹងរបស់បរិភោគជាដើមទៅឲ្យ ឬនាំ សំពត់ដែលអប់ដោយគ្រឿងក្រអូបចូលទៅឲ្យ កដាហកៈក៏តិះដៀល​យាគូជាដើមថា     ឱ អ្នកស្រុកក្រៅដាំយាគូស្អីបែបនេះ ធ្វើរបស់គួរបរិភោគស្អីបែបនេះ ដាំបាយស្អីបែបនេះ តិះដៀលសំពត់និងកម្មករជាដើមថា ព្រោះជាមនុស្សស្រុកស្រែ ទើបមិនចេះប្រើប្រាស់ សំពត់ថ្មី ៗ មិនចេះប្រើប្រាស់គ្រឿងក្រអូប មិនចេះទ្រទ្រង់ផ្កាកម្រង ។

ព្រះបរមពោធិសត្វកាលមិនឃើញទាសៈក៏សួរថា យើងមិនបានឃើញកដាហកៈ វាទៅណា ? នាំគ្នាតាមរកវាមើល៍ ដូច្នេះហើយប្រើឲ្យមនុស្សដើររកដោយជុំវិញ ។ បណ្តា មនុស្សទាំងនោះ បុរសម្នាក់ទៅកាន់ទីនោះ បានឃើញកូនទាសីនោះហើយចាំបាន ។ កូន ទាសីនោះមិនបានដឹងថា មានគេឃើញខ្លួន ។ បុរសដែលឃើញកូនទាសីនោះ ទៅប្រាប់ សេដ្ឋីពោធិសត្វ ។ សេដ្ឋីពោធិសត្វស្តាប់រឿងនោះហើយគិតថា កដាហកៈនោះធ្វើយ៉ាង នោះមិនសមគួរឡើយ ត្រូវទៅចាប់វាមកក្រាបទូលព្រះរាជា ។ សេដ្ឋីពោធិសត្វចេញអំពី ផ្ទះទៅជាមួយបរិវារជាច្រើន ដំណឹងបានផ្សាយទូទៅថា បានឮថា លោកសេដ្ឋីទៅកាន់ បច្ចន្តជនបទ ។ កដាហកៈស្តាប់ឮថាសេដ្ឋីមក គិតថា សេដ្ឋីមកដោយរឿងដទៃក៏ទេ គឺមក ដោយរឿងអញនោះឯង ប្រសិនបើអញគេចចេញទៅ មិនអាចត្រឡប់មកបានទៀតទេ ឧបាយនោះនៅមាន អញត្រូវទៅជួបសេដ្ឋីដែលជាចៅហ្វាយនាយ ហើយធ្វើកិច្ចរបស់ ទាសៈ ធ្វើឲ្យសេដ្ឋីអត់ទោសឲ្យទាល់តែបាន ។

ចាប់ពីពេលនោះមក កូនទាសីនោះពោល យ៉ាងនេះកណ្តាលបរិស័ទថា ពួកបុគ្គលពាលដទៃ ៗ មិនដឹងគុណមាតាបិតាព្រោះខ្លួនជា បុគ្គលពាល ពេលដែលមាតាបិតាបរិភោគ មិនមានការគោរព បរិភោគរួមជាមួយ មាតាបិតាជានិច្ច ចំណែកយើងពេលមាតាបិតាបរិភោគតែងតែរង់ចាំលើកវត្ថុចូលទៅ លើកកន្ថោរចូលទៅ ពេលខ្លះក៏បក់ផ្លិតជូន ចូលទៅឈរជិតៗ លុះពោលដូច្នេះហើយ ប្រកាសកិច្ចដែលពួកទាសៈត្រូវធ្វើចំពោះចៅហ្វាយនាយគ្រប់យ៉ាង រហូតដល់ការកាន់ ផ្តិលទឹកទៅកាន់ទីកំបាំងក្នុងពេលដែលចៅហ្វាយនាយបន្ទោបង់ឧច្ចារៈបស្សាវៈជាដើម ។ លុះធ្វើឲ្យបរិស័ទដឹងយ៉ាងនេះហើយ ពេលដែលព្រះបរមពោធិសត្វមកជិតដល់បច្ចន្ត ជនបទក៏ប្រាប់សេដ្ឋីដែលជាឪពុកក្មេកថា បពិត្របិតា បានឮថា បិតារបស់ខ្ញុំមកដើម្បីជួប បិតា សូមបិតាបញ្ជាឲ្យគេត្រៀមខាទនីយភោជនីយាហារចុះ ខ្ញុំនឹងកាន់យកគ្រឿង បណ្ណាការ (ចេញទៅទទួលបិតារបស់ខ្ញុំ ) សេដ្ឋីពោលថា ប្រពៃហើយកូន ។

កដាហកៈកាន់បណ្ណាការធ្វើដំណើរទៅជាមួយបរិវារជាច្រើន ថ្វាយបង្គំសេដ្ឋី ពោធិសត្វហើយជូនបណ្ណាការ ។ ចំណែកសេដ្ឋីពោធិសត្វទទួលបណ្ណាការហើយធ្វើ បដិសណ្ឋារៈនឹងកូនទាសីនោះ ដល់វេលាបរិភោគអាហារពេលព្រឹកក៏ឲ្យបោះជំរំសម្រាក ហើយ ចូលទៅកាន់ទីកំបាំងដើម្បីបន្ទោបង់ឧច្ចារៈបស្សាវៈ កដាហកៈឲ្យបរិវាររបស់ខ្លូន ត្រឡប់ហើយ កាន់ផ្តិលទឹកទៅកាន់សម្នាក់ព្រះបរមពោធិសត្វ ។ កាលសម្រេចឧទកកិច្ច ហើយ ក៏ក្រាបទៀបជើងទាំងពីរពោលថា បពិត្រលោកម្ចាស់ ខ្ញុំនឹងជូនទ្រព្យដល់លោក តាមដែលលោកត្រូវការ សូមមេត្តាកុំធ្វើយសរបស់ខ្ញុំឲ្យវិនាសឡើយ ។ ព្រះពោធិសត្វ ជ្រះថ្លាក្នុងការបរិបូណ៌ដោយវត្តរបស់កូនទាសីនោះ ក៏លួងលោមថា នែអ្នកដ៏ចម្រើន អ្នកកុំខ្លាចឡើយ អន្តរាយអំពីសម្នាក់របស់យើងមិនមានដល់អ្នកទេ ហើយចូលទៅកាន់ បច្ចន្តនគរ សក្ការៈយ៉ាងច្រើនមានដល់ព្រះមហាសត្វ ។

ចំណែកកដាហកៈ ក៏ធ្វើកិច្ចដែល ទាសៈត្រូវធ្វើដល់សេដ្ឋីពោធិសត្វរហូតគ្រប់វេលា ។ គ្រានោះ បច្ចន្តសេដ្ឋីពោលជាមួយនឹងព្រះពោធិសត្វដែលអង្គុយយ៉ាងសប្បាយក្នុងពេលមួយថា បពិត្រសេដ្ឋី ខ្ញុំឃើញ សំបុត្ររបស់លោកភ្លាម ក៏លើកកូនស្រីឲ្យកូនរបស់លោកភ្លាមដែរ ។ ព្រះមហាសត្វក៏ធ្វើ កដាហកៈឲ្យជាកូនដែរ ពោលពាក្យជាទីស្រឡាញ់ ពេញចិត្តឲ្យសេដ្ឋីត្រេកអរ តាំងពី ពេលនោះមកក៏គ្មានអ្នកណាហ៊ានសម្លឹងមើលមុខកដាហកៈឡើយ ។ ថ្ងៃមួយ ព្រះបរម ពោធិសត្វហៅធីតារបស់សេដ្ឋីមកពោលថា នែកូនស្រី មកនេះ ជួយរកចៃលើក្បាលឲ្យ ពុកបន្តិចដូច្នេះហើយ ពោលពាក្យជាទីស្រឡាញ់ដល់កូនប្រសាដែលឈររកចៃឲ្យ រួចសួរ ថា នែកូនស្រី កូនរបស់ឪពុកមិនប្រមាទក្នុងសុខទុក្ខរបស់កូនទេឬ ? អ្នកទាំងពីរនៅ ស្រឡាញ់គ្នាទេឬ ?

នាងឆ្លើយថា បពិត្រលោកឪពុក បុត្ររបស់លោកឪពុកមិនមានចំណុចដទៃដែល គួរឲ្យតិះដៀលទេ គ្រាន់តែរអ៊ូរទាំរឿងអាហារប៉ុណ្ណោះ ។

សេដ្ឋីពោលថា នែកូនស្រី កូនពុកម្នាក់នេះ មានប្រក្រតីស៊ីរើសបន្តិច ណ្ហើយចុះ ពុកនឹងឲ្យមន្តសម្រាប់​ចងមាត់វាដល់កូន កូនចូររៀនមន្តនោះឲ្យល្អ កាលកូនរបស់ពុក រអ៊ូរទាំក្នុងពេលបរិភោគ កូនចូរឈរអំពីមុខហើយ ពោលតាមដែលបានរៀនមក ហើយឲ្យធីតារបស់សេដ្ឋីរៀនគាថា សម្រាកនៅពីរ-បីថ្ងៃក៏ត្រឡប់ទៅនគរពារាណសីវិញ ។ ចំណែកកដាហកៈ ក៏យកខាទនីយភោជនីយាហារច្រើនសន្ធឹកសន្ធាប់ តាមព្រះបរម ពោធិសត្វទៅ ជូនទ្រព្យជាច្រើនដល់ព្រះបរមពោធិសត្វ ហើយលាត្រឡប់មកវិញ ។ ចាប់ពី ពេលដែលព្រះបរមពោធិសត្វត្រឡប់ទៅវិញហើយនោះ កដាហកៈក្អេងក្អាង យ៉ាងក្រៃលែង ។ ថ្ងៃមួយ កាលសេដ្ឋីធីតានាំភោជនមានរសប្រណីតៗចូលទៅឲ្យ កាន់ វែករង់ចាំបម្រើ កដាហកៈ​ក៏តិះដៀលអាហារ ។ សេដ្ឋីធីតាក៏សូត្រគាថានោះ តាមទំនង ដែលបានរៀន ហើយក្នុងសម្នាក់ព្រះបរមពោធិសត្វថា

ពហុម្បិ សោ វិកត្ថេយ្យ,     អញ្ញំ ជនបទំ គតោ;
អន្វាគន្ត្វាន ទូសេយ្យ,         ភុញ្ជ ភោគេ កដាហកា។

ទាសៈឈ្មោះកដាហកៈនោះ ទៅកាន់ជនបទដទៃ ពោលអួតនូវពាក្យច្រើន សេដ្ឋី ជាម្ចាស់មកតាម ( ម្តងទៀត ) គប្បីប្រទូស្តមិនខាន ម្នាលកដាហកៈ អ្នកចូរបរិភោគនូវ ភោគៈទាំងឡាយទៅ ។


បណ្ណាបទទាំងនោះ បទថា ពហុម្បិ សោ វិកត្ថេយ្យ    អញ្ញំ ជនបទំ គតោ សេចក្តីថា អ្នកណាទៅកាន់ជនបទដទៃអំពីជាតិភូមិរបស់ខ្លួន ក្នុងទីដែលមិនមានអ្នកដឹង កំណើតរបស់ខ្លួន អ្នកនោះគប្បីរអ៊ូរទាំ គឺ ពោលអួតនូវពាក្យច្រើនក៏បាន ។

បទថា អន្វាគន្ត្វាន ទូសេយ្យ សេចក្តីថា ព្រោះបានទៅធ្វើកិច្ចរបស់ទាសៈ តាមផ្លូវឲ្យចៅហ្វាយនាយហើយ ទើបអ្នករួចផុតអំពីការវាយដោយរំពាត់ផ្តៅ ដែលនឹង លាត់ស្បែកខ្នងឡើងថាជាទាសៈ និងការបោះត្រាធ្វើជាគ្រឿងសម្គាល់ ប្រសិនបើអ្នកនៅ តែចចេសធ្វើអាក្រក់ទៀត សេដ្ឋីជាម្ចាស់នឹងមកតាមប្រទូស្តមិនខាន គឺតាមមកដល់ ផ្ទះនេះ ហើយគប្បីប្រទូស្ត ធ្វើឲ្យដល់នូវសេចក្តីអន្តរាយម្តងទៀត ដោយការវាយនឹងរំពាត់ផ្តៅ ការបោះត្រាធ្វើជាគ្រឿងសម្គាល់ជាទាសៈ និងដោយការប្រកាសកំណើតក៏បាន ហេតុនោះ កដាហកៈអើយ អ្នកចូរលះបង់ការប្រព្រឹត្តិមិនល្អនេះ ហើយបរិភោគនូវភោគៈ ទាំងឡាយទៅ កុំធ្វើឲ្យភាពជាទាសៈរបស់ខ្លួនបា្រកដឡើង ហើយត្រូវក្តៅក្រហាយស្តាយ ក្នុងកាលជាខាងក្រោយឡើយ នេះជាការអត្ថាធិប្បាយរបស់សេដ្ឋី ។

ចំណែកដសេដ្ឋីធីតាមិនដឹងសេចក្តីនោះ មិនយល់ន័យក្នុងគាថានោះ ពោលបាន តាមគន្លងព្យញ្ជនៈតាមការរៀនប៉ុណ្ណោះ ។ កដាហកៈគិតថា សេដ្ឋីប្រាប់រឿងអាក្រក់របស់ អញហើយ ពិតជាប្រាប់រឿងទាំងអស់ដល់នាងនេះមិនខាន ចាប់តាំងពីពេលនោះមក ឈប់តិះដៀលអាហារទៀត លះបង់មានះ​ចោល បរិភោគអាហារតាមមានតាមបាន ក្រោយអំពីចុតិក៏ទៅតាមយថាកម្ម ។

ព្រះបរមសាស្តា ទ្រង់នាំយកព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថា

តទា កដាហកោ វិកត្ថកភិក្ខុ អហោសិ កដាហកៈក្នុងកាលនោះ បានមកជាភិក្ខុដែលច្រើនទៅដោយការអួតក្នុងកាលឥឡូវនេះ ។

ពារាណសិសេដ្ឋិ បន អហមេវ អហោសិំ ចំណែកពារាណសីសេដ្ឋី គឺ តថាគត នេះឯង ៕

ចប់ កដាហកៈជាតក ។

(ជាតកដ្ឋកថា សុត្តន្តបិដក ជាតក ឯកកនិបាត កុសនាឡិវគ្គ បិដកលេខ ៥៨ ទំព័រ ៥៥)
ដោយ៥០០០ឆ្នាំ

Subscribe to this Blog via Email :