Stress Tips

Dec 18, 2017

រឿង កាកជាតក

·   0

(ក្អែកជាសត្វមិនមានខ្លាញ់រាវ)

ព្រះបរមសាស្តា កាលទ្រង់គង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ញាតត្ថចរិយា គឺ ការប្រព្រឹត្តជាប្រយោជន៍ដល់ព្រះញាតិ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា និច្ចំ ឧព្វិគ្គហទយា ដូច្នេះជាដើម ។

រឿងក្នុងបច្ចុប្បន្ននឹងមានជាក់ច្បាស់នៅក្នុងភទ្ទសាលជាតក ទ្វាទសកនិបាត

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះបរមពោធិសត្វបដិសន្ធិក្នុងកំណើតក្អែក ។ ថ្ងៃមួយបុរោហិតរបស់ព្រះរាជាងូតទឹកក្នុងស្ទឹងក្រៅនគរ ផាត់ម្សៅ តែងកាយ ប្រដាប់កម្រងផ្កា ស្លៀកសំពត់សមនឹងយសសក្តិ កំពុងធ្វើដំណើរចូលនគរ ។ នៅលើចុងសសរបន្ទាយជិតនគរមានក្អែកពីរទំនៅទីនោះ បណ្តាក្អែកទាំងពីរនោះ ក្អែកមួយនិយាយនឹងក្អែកមួយទៀតថា នែសម្លាញ់ ខ្ញុំនឹងជុះអាចម៍ដាក់ក្បាលព្រាហ្មណ៍នេះ ។



ក្អែកមួយទៀតជំទាស់ថា អ្នកកុំនឹកចង់សប្បាយយ៉ាងនេះឡើយ ព្រាហ្មណ៍នេះជា អ្នកធំ ធម្មតាការបង្កពៀរវេរានឹងឥស្សរជន អ្នកនឹងជួបប្រសព្វនឹងផលអាក្រក់ក្រៃលែង ណាស់ ព្រោះថាកាលបើព្រាហ្មណ៍នោះក្រោធហើយ នឹងធ្វើក្អែកទាំងអស់ឲ្យវិនាសបាន ។

ក្អែកមួយនោះពោលថា ខ្ញុំមិនអាចផ្លាស់ប្តូរចិត្តបាន ។ ក្អែកមួយទៀតពោលថា បើយ៉ាងនោះ អ្នកនឹងបានដឹងខ្លួនឯង ហើយក៏ហើរចៀសចេញទៅ ។ ក្អែកមួយនោះ ពេលព្រាហ្មណ៍មកដល់ខាងក្រោមសសរបន្ទាយ ក៏ធ្វើជាបន្ទន់ខ្លួនចុះ ហើយជុះអាចម៍ដាក់ក្បាលព្រាហ្មណ៍នោះ ។ ព្រាហ្មណ៍ក្រោធ ចងពៀរ នឹងហ្វូងក្អែក ។

គ្រានោះ ទាសីបម្រើខាងបុកអង្ករម្នាក់ យកស្រូវហាលនៅក្បែរផ្ទះ អង្គុយយាម រួចក៏ដេកលក់ទៅ ពពែរោមវែងមួយដឹងថា ទាសីនោះធ្វេសប្រហែស ក៏មកស៊ីស្រូវ ទាសីនោះ ភ្ញាក់ឡើងឃើញពពែក៏ដេញទៅ ពពែលួចមកស៊ីស្រូវ ពេលដែលទាសីនោះដេកលក់ យ៉ាងនោះឯង អស់វារៈពីរបីដង ទាសីនោះក៏ដេញពពែនោះទៅទាំងបីដង ហើយគិតថា កាលពពែស៊ីរឿយ ៗ នឹងស៊ីស្រូវអស់ពាក់កណ្តាល អញនឹងខាតប្រយោជន៍ជាច្រើន ពេលនេះ ត្រូវធ្វើយ៉ាងណាកុំឲ្យពពែមកបានទៀត ។ នាងក៏កាន់ចន្លុះ (គ្រឿងអុជបំភ្លឺ ធ្វើដោយជ័រនិងស្លឹកឈើ ឬធ្វើដោយសំបកឈើមានជ័រ; មានច្រើនយ៉ាង : ចន្លុះស្លឹក, ចន្លុះក្រាក់, ចន្លុះស្មាច់...។ ) អង្គុយធ្វើដូចជាដេកលក់ កាលពពែចូលមកស៊ីស្រូវក៏ក្រោកឡើងគប់ពពែដោយចន្លុះ ពពែក៏ត្រូវភ្លើងឆេះ កាលរាងកាយត្រូវភ្លើងឆេះ ពពែគិតឲ្យភ្លើង រលត់ ទើបរត់ទៅយ៉ាងលឿន យកខ្លួនត្រដុសនឹងខ្ទមស្មៅមួយដែលនៅជិតរោងដំរី ខ្ទមនោះក៏ឆេះសន្ធោះសន្ធៅ អណ្តាតភ្លើងដែលកើតអំពីខ្ទមនោះ រាលទៅឆេះរោងដំរី កាលរោងដំរីឆេះ ខ្នងដំរីក៏ឆេះដែរ ដំរីនីមួយ ៗ មានខ្លួនរបួសយ៉ាងដំណំ ។ ពួកហ្មដំរីមិនអាចនឹងព្យាបាលឲ្យជាបាន ក៏ក្រាបទូលព្រះរាជា ។ ព្រះរាជាក៏ត្រាស់នឹងបុរោហិតថា លោកអាចារ្យ ហ្មដំរីអស់ថ្វីដៃ ដែលនឹងរក្សាហ្វូងដំរីហើយ  លោកល្មមនឹងស្គាល់ថ្នាំអ្វី ៗ ខ្លះឬ  ?

បុរោហិតទទួលព្រះរាជតម្រាស់ថា ព្រះករុណាថ្លៃវិសេស ។

ព្រះរាជាត្រាស់សួរថា បានអ្វីទើបគួរ ?

បុរោហិតក្រាបទូលថា បពិត្រមហារាជ ទាល់តែបានខ្ញាញ់ក្អែក ទើបអាចព្យាបាល បាន ។

ព្រះរាជាត្រាស់ថា បើដូច្នោះអ្នកទាំងឡាយ ចូរប្រើមនុស្សឲ្យទៅសម្លាប់ក្អែកយក ខ្លាញ់មកចុះ ។ ចាប់តាំងពីពេលនោះមក មនុស្សទាំងឡាយក៏នាំគ្នាទៅសម្លាប់ក្អែក មិនបានខ្ញាញ់ក៏បោះចោលជាគំនរ ៗ ក្នុងទីនោះ ៗ ។ មហាភ័យបានកើតឡើងដល់ហ្វូងក្អែក ។

គ្រានោះ ព្រះមហាបុរសមានហ្វូងក្អែក ៨ ម៉ឺនជាបរិវារនៅក្នុងព្រៃខ្មោច ។ មានក្អែកមួយមកប្រាប់ព្រះពោធិសត្វអំពីភ័យដែលកើតឡើងដល់ហ្វូងក្អែក ។ ព្រះមហាសត្វត្រិះរិះថា វៀរអាត្មាអញចេញហើយ អ្នកដទៃដែលអាចបំបាត់ភ័យ ដែលកំពុងកើតឡើង ដល់ពួកញាតិរបស់អញមិនមានឡើយ អញត្រូវកម្ចាត់ភ័យនោះ ហើយរំពឹងនឹកដល់បារមី ១០ ប្រការ ធ្វើមេត្តាបារមីឲ្យជាបុរេចារិក (ប្រកបដោយកិរិយាប្រព្រឹត្តិទៅក្នុងខាងមុខ, ឱ្យជាចិត្តប្រកបដោយកិរិយាត្រាច់ទៅក្នុងខាមុខ) ហើយហើរទៅម្នាក់ឯងប៉ុណ្ណោះ ចូលទៅតាមប្រហោងបង្អួចដែលគេបើកទុក ចូលទៅលាក់ខ្លួននៅខាងក្រោមរាជាសនៈ ។

ពេលនោះ អាមាត្យម្នាក់ ធ្វើអាកប្បកិរិយា នឹងចាប់ស្តេចក្អែកពោធិសត្វ ព្រះរាជាត្រាស់ហាមឃាត់ថា ក្អែកចូលមករកទីពឹង កុំចាប់ក្អែកនោះឡើយ ។ ស្តេចក្អែកសម្រាកនៅទីនោះបន្តិច ហើយរំពឹងនឹកដល់ព្រះបារមី ចេញអំពីអាសនៈ ក្រាបទូលព្រះរាជាថា បពិត្រមហារាជ ធម្មតាព្រះរាជាមិនត្រូវលុះក្នុងអំណាចអគតិ មានឆន្ទាគតិជាដើម ទើបប្រពៃ កម្មណា ៗ ដែលនឹងត្រូវធ្វើ កម្មនោះ ៗ ត្រូវពិចារណា ឲ្យល្អិតល្អន់ហើយសឹមធ្វើ ទើបប្រពៃ ម៉្យាងទៀត កម្មណាដែលនឹងធ្វើត្រូវបានផល កម្មនោះប៉ុណ្ណោះទើបគួរធ្វើ កម្មក្រៅអំពីនេះមិនគួរធ្វើ ប្រសិនបើព្រះរាជាទាំងឡាយ ទ្រង់ធ្វើកម្មដែលធ្វើទៅមិនសម្រេចផលនោះ មហាភ័យ មានមរណភ័យជាទីបំផុត រមែងកើតឡើងដល់មហាជន ត្បិតបុរោហិតឋិតនៅក្នុងអំណាចនៃការចងពៀរ បានក្រាបទូលកុហក ធម្មតាខ្ញាញ់រាវរបស់ក្អែកទាំងឡាយមិនមានឡើយ ។

ព្រះរាជាទ្រង់ព្រះសណ្តាប់ពាក្យនោះហើយ មានព្រះទ័យជ្រះថ្លា ឲ្យព្រះបរមពោធិសត្វទំនៅលើតាំង ឲ្យរាជបុរសលាបស្លាបដោយប្រេងដែលរម្ងាស់ហើយ ១ សែនដង ឲ្យបរិភោគអាហារដ៏ស្អាតដូចជាព្រះក្រយាហារ ឲ្យផឹកទឹក លុះស្តេចក្អែកសប្បាយចិត្ត បាត់ការហត់នឿយហើយ ទើបត្រាស់ពាក្យនេះថា នែបណ្ឌិត អ្នកពោលថា ធម្មតាខ្ញាញ់រាវរបស់ក្អែកទាំងឡាយមិនមាន ព្រោះហេតុដូចម្តេច ទើបក្អែកទាំងឡាយមិនមានខ្ញាញ់រាវ ? ព្រះមហាសត្វកាលនឹងក្រាបទូល ក៏ពន្យល់ថា បពិត្រមហារាជ ដោយហេតុឈ្មោះនេះ ដោយហេតុឈ្មោះនេះ ធ្វើព្រះរាជវាំងទាំងមូលឲ្យមានសំឡេងតែមួយ សម្តែងធម៌ពោលគាថានេះថា

និច្ចំ ឧព្ពិគ្គហទយា,     សព្ពលោកវិហេសកា;
តស្មា នេសំ វសា នត្ថិ,     កាកានម្ហាក ញាតិនំ។


ក្អែកទាំងឡាយ ជាសត្វមានហឫទ័យភ្ញាក់ផ្អើលជានិច្ច ជាសត្វបៀតបៀនមនុស្សលោកទាំងពួង ព្រោះហេតុនោះ បានជាខ្លាញ់រាវនៃពួកក្អែក ជាញាតិរបស់យើងទាំងនោះ មិនចេះមានឡើយ ។

ក្នុងគាថានោះ មានសេចក្តីសង្ខេបដូច្នេះ បពិត្រមហារាជ ធម្មតាហ្វូងក្អែកមានចិត្តភ្ញាក់ផ្លើល គឺធ្លាប់តែតក់ស្លុតជានិច្ច ។

បទថា សព្វលោកវិហេសកា សេចក្តីថា ក្អែកទាំងឡាយជាសត្វចូលចិត្តបៀតបៀន គម្រាមកំហែងមនុស្សដែលជាធំ មានក្សត្រជាដើមខ្លះ ស្ត្រីបុរសទូទៅខ្លះ ក្មេងប្រុសក្មេងស្រីជាដើមខ្លះ ហេតុនោះ គឺដោយហេតុពីរប្រការនេះ ខ្ញាញ់រាវរបស់ក្អែកទាំងឡាយដែលជាញាតិរបស់ទូលបង្គំទាំងនោះ ទើបមិនមាន សូម្បីក្នុងអតីតក៏មិនធ្លាប់មាន សូម្បីក្នុងអនាគតក៏នឹងមិនមាន ។

ស្តេចក្អែកពោធិសត្វចង្អុលបង្ហាញហេតុនេះ ដោយប្រការដូច្នេះហើយ ទូលដាស់តឿនព្រះរាជាថា បពិត្រមហារាជ ធម្មតាព្រះរាជាមិនបានពិចារណាហើយ មិនគប្បីបដិបត្តិព្រះរាជកិច្ច ។ ព្រះរាជាទ្រង់ពេញព្រះទ័យបូជាព្រះបរមពោធិសត្វដោយរាជសម្បត្តិ ។ ព្រះមហាសត្វថ្វាយរាជសម្បត្តិចំពោះព្រះរាជាវិញ ឲ្យព្រះរាជាតាំងនៅក្នុងបញ្ចសីល ទូលសូមព្រះរាជទានអភ័យដល់សត្វទាំងពួង ។ ព្រះរាជាទ្រង់ព្រះសណ្តាប់នូវព្រះធម្មទេសនាហើយ ទ្រង់ព្រះរាជទានអភ័យដល់សត្វទាំងពួង ទ្រង់តម្កល់និពទ្ធទាន គឺទានដែលឲ្យជាប្រចាំដល់ហ្វូងក្អែក ហើយបញ្ជាឲ្យដាំបាយប្រមាណមួយថាំង (ប្រដាប់ធ្វើដោយឈើសម្រាប់ដង, សម្រាប់រែកទឹក ) លាយដោយវត្ថុដែលមានរសដ៏ប្រណីតផ្សេង ៗ ព្រះរាជទានដល់ហ្វូងក្អែករាល់ ៗ ថ្ងៃ ចំណែកព្រះបរមពោធិសត្វបានទទួលព្រះរាជទានព្រះក្រយាហារនោះឯង ។

ព្រះបរមសាស្តា ទ្រង់នាំយកព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថា

តទា ពារាណសិរាជា អានន្ទោ អហោសិ ព្រះរាជានគរពារាណសីក្នុងកាលនោះ បានមកជាអានន្ទ ។

កាករាជា បន អហមេវ អហោសិំ ចំណែកស្តេចក្អែក គឺ តថាគតនេះឯង ៕

កាកជាតក ចប់ ។

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត អសម្បទានវគ្គ បិដកលេខ ៥៨ ទំព័រ ៦១)
ដោយ៥០០០ឆ្នាំ

Subscribe to this Blog via Email :